ប្រាសាទល្បើក
ប្រាសាទល្បើក ស្ថិតនៅចម្ងាយប្រហែលតែ 2,5គីឡូម៉ែត្រ ទិសអាគេ្នយ៍ភូមិខ្ទុំ ទីប្រជុំជន ឃុំកូនកៀ្រល ស្រុកសំរោង ខេត្ត ឧត្តរមានជ័យ ឬចម្ងាយជាង 10 គីឡូម៉ែត្រ ទិសឦសានទីរួមខេត្ត ឧត្តរមានជ័យ ចម្ងាយនេះពុំឆ្ងាយទេ ពីផ្លូវនិង ពីទីប្រជុំជនប៉ុនែ្តមានមនុស្ស តិចណាស់ដែលបានទៅដល់ និង មើលប្រាសាទបាក់បែកមួយនេះ ។ លោកច័ន្ទ បច្ឆិរ៉ា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត ឧត្តរមានជ័យ បានប្រាប់ថា ប្រាសាទល្បើក ពុំស្ថិតនៅឆ្ងាយមែន តែសូម្បីលោកជា ប្រធានមន្ទីរតាំងពី ឆ្នាំ1999 មកនោះក៏ពុំទាន់បានទៅដល់ ដើម្បីពិនិត្យនិងផ្ទៀងផ្ទាត់ សម័យកាលកសាងដែរ ។ លោកបន្តថា ប្រាសាទនេះបាក់បែកច្រើនណាស់ ហើយពុំទាន់មានផ្លូវចូលទៅ និង ពុំអាចមានលទ្ធភាពស្តារឡើងវិញទេ ។ លោកឈុំ ធឿន មេឃុំកូនកៀ្រល ស្រុកសំរោងប្រាប់ថា ដោយសារពុំទាន់ មានផ្លុវសមស្រប ភ្ជាប់ពីភូមិទៅកាន់ ប្រាសាទនេះ និង ពុំមានការចាប់អារម្មណ៍ផងនោះ ទើបបានជាពុំសូវមាននរណាទៅដល់ប្រាសាទនេះ សូម្បីអ្នកភូមិនៅឃុំ កូនកៀ្រល ក៏កម្រនឹងទៅដល់ ប្រាសាទនោះដែរ ។ លេកមេឃុំនិយាយថា ប្រាសាទល្បើក គេច្រើនហៅថា ប្រាសាទដំរីស ព្រោះពីដើមមកនៅក្នុងប្រាសាទនេះ មានថ្មចម្លាក់រូបដំរីក្បាលបីចំនួនមួយ រូបស្ថិតនៅទីនោះ ប៉ុនែ្តត្រូវជនទុច្ចរិតលួចគាស់យកទៅលក់បាត់ ការខូចខាតធ្ងន់ធ្ងរជាងគេគឺនៅអំឡុងសង្រ្គាមស៊ីវិលកម្ពុជា ទស្សវត្សរ៍ទី90 ពេលនោះតំបន់នោះ ជួនកាលទាហាន រដ្ឋកម្ពុជាគ្រប់គ្រង ជួនកាលទាហានរណសិរ្សហ្វ៊ុនស៊ិនប៊ិចគ្រប់គ្រង ឬជួនកាលទាហានខែ្មរក្រហមគ្រប់គ្រង ។ ប៉ុនែ្តទាហាន ខែ្មរក្រហម ពុំបានលួចជីក ឬ គាស់ប្រាសាទ យករូបចម្លាក់ទៅលក់ទេ ។ ប្រាសាទនេះមានប្រាង្គ3 ប្រាង្គ2បានរលំបាក់អស់មួយចំនួនធំ ឯប្រាង្គមួយទៀត ក៏ខូចខាតដែរហើយត្រូវដើមជ្រៃដុះហ៊ុមព័ទ្ធជុំជិត រីឯខ្លោងទ្វារនៃច្រកចូល ទាំង4 ក៏រងការខូចខាតមួយចំនួន តែនៅសល់ខ្លះ ។ ជញ្ជាំងនិង ទីតាំងថ្មជាច្រើនកនែ្លងទៀត ត្រូវបាក់រលំរប៉ាត់រប៉ាយ ប្រាសាទនេះស្ថិតលើទីទួលមួយ ទំហំ 50ម៉ែត្រ បួនជ្រុង និង មានស្រះទឹក4ព័ទ្ធពីក្រៅ ។ បរិវេណប្រាសាទគិតទាំងស្រះទឹកទាំង4ផង មានទំហំប្រហែល មួយហិកតា ព្រៃនិងបន្លាបានព័ទ្ធជុំជិតប្រាសាទ គេអាចមើលឃើញកំពូលប្រាសាទតែបន្តិចប៉ណ្ណោះ ប្រាសាទនេះកសាងឡើង នៅពាក់កណ្តាល សតវត្សរ៍ទី12 ដែលសង់ពី ថ្មបាយកៀ្រមខ្លះ ថ្មភក់ភាគច្រើនរចនាបថបាយ័ន ។ តួប្រាសាទមានទំហំ60ម៉ែត្រគុណនឹង 30ម៉ែត្រ ។ លោកឈុំ ធឿន មេឃុំកូនកៀ្រលនិយាយថា ដើម្បីទៅដល់ប្រាសាទនេះ គេត្រូវធ្វើដំណើរកាត់ភ្លឺស្រែ វាលស្រែ ខ្នងទំនប់គ្រញូងនិងទំនបប្រាសាទល្បើក រួចតាមផ្លូវរទេះគោ ការធ្វើដំណើរពុំលំបាកពេកទេ តែផ្លូវបត់បែនក្រវេចក្រវៀនណាស់ លោកបន្តទៀតថា កន្លងមក មន្ទីរទេចរណ៍ខេត្តចង់សហការនឹងអាជ្ញាធរដែនដី ដើម្បីលើកទំនប់ធារាសាស្រ្ត ជំនាន់ប៉ុលពត ឡើងវិញនិង លើកផ្លូវបនែ្ថម ភ្ជាប់ពីផ្លូវជាតិលេខ68ទៅកាន់ប្រាសាទនេះ ប៉ុនែ្តនោះជាក្តីស្រមៃប៉ុណោ្ណះ ។
អត្ថបទដកស្រង់
- ដកស្រង់អត្ថបទពីកាសែតរស្មីកម្ពុជា
Comments :
0 comments to “ប្រាសាទល្បើក”
Post a Comment