ម៉េចក៏ចាំបាច់បួស ម៉េចក៏ចាំបាច់សឹក?
|
មុននឹងដើរត្រូវតានផ្លូវត្រង់ | ត្រូវចេះរិះចង់ស្ទង់កំហុស |
បើឃើញត្រង់ណាជាផ្លូវខុស | ប្រាជ្ញប្រាណជាតិមនុស្សកុំប្រព្រឹត្ត ។ |
ផ្លែស្លែងរែងពុលជាទោសកាច | តែមានគុណអាចកែជីវិត |
ស្ដៅ-ម្រះក្រាស់ដោយជាតិល្វីងពិត | តែគង់មានឫទ្ធិកែរោគបាន ។ |
ភ្លើងក្ដៅហៅកាចកំណាចក្រៃ | តែជាតម្លៃនៃចង្ក្រាន |
ជាតិស្រាស្រវឹងវឹងស៊ុងប្រាណ | តែគង់ផ្សំបានជាឱសថ ។ |
កាំតិបពិតជាគ្រឿងប្រប្រាណ | តែអាចប្រើការកាប់អុសដុត |
ជាតិបរមាណូមានទោសផុត | តែមានគុណសុទ្ធផុតដូចគ្នា ។ |
រីឯពាក្យថ្កោលដោលដេញសួរ | ទោះបីគ្មានគួរជួរម្ដេចម្ដា |
ក៏គង់មានគុណច្រើនមហិមា | មកជាមួយគ្នាអចិន្ត្រៃយ៍ ។ |
រឿង បួស រួច សឹក ជាឫកខ្មែរ | មិនសមខ្លះដែរតែប្រពៃ |
ព្រោះបួសជាបុណ្យគុណច្រើនក្រៃ | ជួយភ្ជាប់និស្ស័យសាងសុចរិត ។ |
អ្នកដែលបានបួសជាផ្នួសពេញ | ដល់សឹកមកវិញហៅ បណ្ឌិត |
ហៅក្លាយមកទៀតថា អន្ទិត | នេះពីតជាឈ្មោះខ្ពស់ពណ្ណរាយ ។ |
សម័យអង្គរដ៏ថ្កើងថ្កាន | អន្ទិតធ្លាប់បានឋានទូលាយ |
ជាគ្រូអាចារ្យជាចៅហ្វាយ | ធ្វើការទាំងឡាយថ្វាយក្សត្រា ។ |
ផ្លូវរដ្ឋរាប់អានក្នុងឋានខ្ពស់ | លើកសិទ្ធិកិត្តិយសខ្ពស់ថ្លៃថ្លា |
ផ្លូវរាស្រ្តចាស់ស្រុកខ្មែរគ្រប់គ្នា | រាប់ថាឈ្មោះហ្នឹងសឹងពិសិដ្ឋ ។ |
រហូតកំណាន់ប្រកាន់ថា | កម្លោះស្ដូកណាគ្មានគំនិត |
មិនបាននាមថាជាអន្ទិត | នោះពិតជាគេមិនឲ្យកូន ។ |
នៅក្នុងសម័យនៃសង្គ្រាម | ហូរឈាមចេញចាកអង្គតាដូន |
អក្សរសាស្រ្តខ្មែរស្ទើរសាបសូន្យ | តើកូនទេវតាណាមកជួយ ។ |
មិនគឺអ្នកបួសនោះឬអ្វី | ដែលសាងស្មារតីលៃលើកស្ទួយ |
ទល់ទប់ឧបសគ្គវាក់ទុក្ខព្រួយ | ទល់ទប់ឧបសគ្គវាក់ទុក្ខព្រួយ |
ខ្មែរជាជាតិតូចតែពូជពេជ្រ | ទោះក្រីក្រម្ដេចក៏ហានក្លាន |
ចេះអានសរសេរតួអក្ខរា | ស្ទើរតែគ្រប់គ្នាក្នុងមណ្ឌល ។ |
ការនេះពេញជាមិនចាញ់ដៃ | ជនជាតិដទៃនាសាកល |
ខ្មែរជាជាតិតូចតែដួចដល់ | ចិត្តនឹងរឹងថ្កល់យល់កាលវែង ។ |
ព្រោះបានមានមិត្តចិត្តត្រង់ហួស | គឺការកាន់ផ្នួសបួសហ្នឹងឯង |
ដែលពាំនាំខ្មែរអោយបែរស្វែង | ប្រឹងប្រែងក្រែងបាត់ខ្ទាត់វាសនា ។ |
អ្នកបួសស្ទាយបាត្រដើរបិណ្ឌបាយ | ក៏គ្មានអត្តរាយដល់ជនណា |
លោកមិនដែលញ៉ាំងអ្នកជ្រះថ្លា | ឱ្យខូចសទ្ធាឬធនធាន |
ព្រោះពុទ្ធសាសនាថ្លាឧត្តម | ប្រកាន់និយមរឿងឲ្យទាន |
ប៉ុន្តែមិនឲ្យអន្តរធាន | បាត់បង់សន្តានខាងស្រង់សត្វ ។ |
ទោះបីសុំគេមកភោក្ដា (*) | ក៏គ្មានអាជ្ញាទៅអារកាត់ |
ពួកអ្នកឲ្យទានឥតមានខ្ទាត់ | សទ្ធា - សម្បត្តិនៅធម្មតា ។ |
ប្រៀដូចសត្វឃ្មុំផ្ដុំសំបុក | ហើរត្រាច់តត្រុកមែកព្រឹក្សា |
ខ្វាត់ខ្វែងស្វែងត្រឹបទឹកដមផ្កា | យកទៅសង់ជាផ្លិតឃ្មុំបាន ។ |
បុប្ផាផ្កាចាយផ្សាយក្លិនក្លែប | ដែលត្រូវឃ្មុំក្រេយទឹកដមប្រាណ |
ក៏ឥតស្រពោនស្វិតរំខាន | តាំនៅតាមឋានដូចប្រក្រតី ។ |
ទាំងក្លិនទាំងពណ៌ក៏នៅស្រស់ | ដូចដើមទាំងអស់ឥតប្រែអ្វី |
អាចប៉ិនទាំងលេចចេញក្តិបផ្លែខ្ទី | កើនពូជប្រក្រតីឥតបើខាត ។ |
ឯឃ្មុំក៏ផឹកទឹកដមផ្កា | យកទៅសាងជាផ្ដិតដ៏ស្អាត |
ចិញ្ចឹមកូនចៅផៅរួមជាតិ | ដោយឥតមានខាតទៅខាងណា ។ |
គឺផ្កាក៏ឥតវិបរិតខូច | នៅកើតតពូជជាធម្មតា |
រីឃ្មុំផ្សំពីទឹកដមផ្កា | ក៏បានកើតជាប្រយោជន៍ធំ ។ |
រឿងនេះប្រៀបបាននឹងអ្នកបួស | កាន់ផ្នាត់បទផ្នួសភេទឧត្តម |
ប្រឹងប្រែងស្វែងរកគុណដ៏ធំ | ដូចជាសត្វឃ្មុំអីចឹងឯង ។ |
អ្នកឲ្យឥតខូចភោគសម្ប័ទ | ឥតខ្ទាត់សទ្ធាចិត្តចាត់ចែង |
អ្នកបួសបានហើយក៏ប្រឹងប្រែង | ប្រព្រឹត្តខ្លួនឯងស្វែងរកគុណ ។ |
ក្រៅពីខ្លួនលោកយោគដល់ញាតិ | ផ្សព្វផ្សាយដល់ជាតិឥតខាតស៊ុន |
ខ្មែរយើងថ្កើងថ្កានមានកិត្តិគុណ | ដោយបុណ្យអ្នកបួសជួយទ្រទ្រង់ ។ |
រួមមកគឺមួយជួយចាក់ច្បាស់ | ខាងអក្សរសាស្រ្តឲ្យគង់វង្ស |
ពីរជួយអប់រំផ្សំតម្រង់ | ឲ្យខ្មែរខ្ពស់ខ្ពង់ខាងចរិយា ។ |
បីជួយឲ្យបានជាមណ្ឌល | ផ្ដួចផ្ដល់ឧបត្ថម្ភកុមារា |
កូនខ្មែរក្សត់ក្រយ៉ាងម្ដេចម្ដា | ទៅនៅសិក្សាបានទាំងអស់ ។ |
ឲ្យចេះធ្វើទានទ្រព្យរបស់ | មានចិត្តសប្បុរសសង្គ្រោះខ្សត់ ។ |
សង្គ្រោះអ្នកបួសជាអាចារ្យ | សង្រ្គោះកុមារដែលនៅវត្ត |
សង្រ្គោះពលករដែលក្រខ្សត់ | សង្គ្រោះជនបទដែលអត់បាយ ។ |
ព្រោះតែការបួសនេះសំខាន់ | ទើបខ្មែរប្រកាន់មិនជិនណាយ |
ផ្ដាំតកូនចៅផៅវែងឆ្ងាយ | ត្រូវតែប្រុងកាយបួសកុំខាន ។ |
បើមិនបួសយូរចូរបព្វជ្ជា | ត្រឹមចេញវស្សាសឹកក៏បាន |
តែកម្លោះណាឲ្យថ្លោះខាន | មុខជាលែងបានប្រពន្ធល្អ ។ |
ទំនៀមនេះឯងគេតែងក្រិត | ដើម្បីទាញចិត្តមនុស្សឲ្យស |
- មួយគឺឲ្យមនុស្សទាំងមានក្រ | ទៅរៀនច្បាប់ល្អឲ្យស្គាល់ច្បាស់ ។ |
- ពីរគឺឲ្យខ្មែរស្រែចំការ | ចេះសរសេរចាអក្សរសាស្រ្ត |
បើទុកជារៀនមិនជាក់ច្បាស់ | អន់ណាស់អានបានសរសេរបាន ។ |
ការបួសកើតបុណ្យមានគុណខ្ពស់ | រៀនរាប់មិនអស់ហួសប្រមានណ |
ទ្រទ្រង់ជាតិយើងឡើងថ្កើងថ្កាន | កុំភ្លឹកនឹកស្មានថាថោកទាប ។ |
ជនណានឿយណាកាយកើតស្លាប់ | មិនចង់នៅជាប់អំពើបាប ។ |
ជននោះបួសស្វែងលែងប្រែភាព | រៀងរាបរហូតអស់ជីវិត ។ |
ជនណាមិនទាន់ទ្រាន់ជិនណាយ | នៅឃើញសប្បាយក្នុងកាមខ្លាំង |
ជានោះបួសដែរតែមួយភាំង | ក៏តាំងសឹកមករកកាមវិញ ។ |
ការបួសដើម្បីភ្ជាប់និស្ស័យ | ខាងល្អប្រពៃឲ្យពេញលេញ |
តែកុំខាតពេញឥតចំណេញ | ត្រូវចេញកសាងខាងសិក្សា ។ |
រៀនទាំងផ្នូវធម៌ទាំងផ្លូវលោក | ចេះដឹគរគោកតែគ្រប់គ្នា |
សឹកមកជួយជាតិជួយសាសនា | ដូចគេរាល់គ្នាអីចឹងដែរ ។ |
មិនបង់បាយជាតិញាតិសន្តាន | ចំណាច់ខ្លួនប្រាណកើតជាខ្មែរ |
បានជួយជាតិសាសន៍ដូចគេដែរ | មិនបែរជាស្អប់ទម្លាប់ឪ ។ |
ឥឡូវការបួសហួសសម័យ | កាលពេលសព្វថ្ងៃលោកតម្រូវ |
មិនចាំបាច់បួសឲ្យហួសផ្លូវ | គេត្រូវនៅជាយុវជន ។ |
គេក្រេបវិជ្ជាតាមចិត្តចង់ | ចេះជាងលោកសង្ឃក្នុងបច្ទុប្បន្ន |
ចាំបួសធ្វើអីឲ្យតែអន់ | នាំគេរិះគន់ទ្រាន់រិះគន់ ។ |
ពីដើមស្រុកទេសយើងលិចលង់ | បានជាពឹងសង្ឃខាងសិក្សា |
យើងបួសដើម្បីរៀនអក្ខរា | ទ្រទ្រង់ភាសាជាតិឲ្យរស់ ។ |
ឥឡូវរីកកើនចំរើនណាស់ | ខាងអក្សរសាស្រ្តរៀនមិនអស់ |
មានទាំងតម្រិះចំណេះខ្ពស់ | ចាំបួសឲ្យអស់កម្លាំងអី ។ |
ដំណើរសម័យមានថ្ងៃយប់ | វិលឥតឈរឈប់ជាប្រក្រតី |
តើយើងជាជាតិធ្លាប់ឈ្មោះល្បី | កើតនៅលើដីកម្ពុជា ។ |
ម្ដេចក៏មិនប្រែកែសម្រួល | សម្របឲ្យស្រួលតាមវេលា |
ផ្លាស់ប្ដូរទម្លាប់ឲ្យគាប់ជា | តាមពេលវេលាព្រមគ្នាទៅ ? ។ |
សំដីនេះមិញពេញជាសម | តែចូលច្រឡំពុំទាន់ជ្រៅ |
ព្រោះឃើញតែគោលដែលដើរទៅ | ឯឋានឋិតនៅពុំសូវគិត ។ |
សម័យថ្មីនេះរឿងការបួស | នឹងថាវាហួសក៏ពុំពិត |
ព្រោះមួយរាស្រ្តខ្មែរនៅពេញចិត្ត | ពីរពួកអន្ទិតក៏មានផ្លូវ ។ |
បានរៀនបានសូត្ររហូតអស់ | ដូចពួកគ្រហស្ថពេលឥឡូវ |
ឆ្លៀតពេលប្រព្រឹត្តគិតរកត្រូវ | ដឹកនាំម៉ែឪទៅរកសុខ ។ |
ទីបីដូចយើងប្រាប់ខាងដើម | អំពីដង្ហើមកូនអ្នកស្រុក |
ជាអ្នកក្រខ្សត់អត់គ្រប់មុខ | ក៏ជាបន្ទុកកាបួសដែរ ។ |
បើនឹងបញ្ជាក់ឲ្យយល់ងាយ | យើងនឹងអធិប្បាយបើកបកកេរ្តិ៍ |
អំពីស្នាដៃអ្នកបួសខ្មែរ | ដែលបែរបែកផលជាច្រើនយ៉ាង ។ |
ការបួសប្រៀបបាននឹងគល់ឈើ | ដែលលូតទៅលើបែកមែកធាង |
ជាទីប៉ិចផ្លែច្រូងច្រាង | ជាព្រេងសំណាងអ្នកបេះឆី ។ |
គល់ពិតតែមួយតែជួយទ្រ | ឲ្យល្អមែកធាងសន្លឹកខ្ចី |
បើកាប់គល់ប៉ាច់ដាច់ពីដី | មែកធាងអាងអីមិនរលំ ។ |
នៅពេលសព្វថ្ងៃសម័យណាស់ | តែផ្លាស់មិនផុតពីចាស់ទុំ |
ដូចក្មេងជាតិខ្មែរទាំងតូចធំ | នៅតែទៅផ្ដុំសុំដេកវត្ត ។ |
អ្នកស្រុកចំណាយចាយធនធាន | ច្រើនសែនច្រើនលានគ្មានកំណត់ |
សាងកុដិសាលាពេញគ្រប់វត្ត | តើពិតប្រាកដមកពីអ្វី ។ |
គីមកពីចិត្តគេជ្រះថ្លា | នឹងពុទ្ធសាសនាព្រះជិនស្រី |
ដែលមានអ្នកបួសជាសាក្សី | ទើបគេឃ្មាតខ្មីគ្មានគិតស្ដាយ ។ |
ដល់កើតជាឋានទីលំនៅ | លាភនេះធ្លាក់ទៅក្មេងទាំងឡាយ |
នៅបួសនៅរៀនតាមសប្បាយ | បន្ធូរប្រាក់ម្ដាយឪពុកបាន ។ |
បើអស់លោកសង្ឃពីវត្តវ៉ា | តើកុដិសាលាម្ដេចនឹងមាន |
ក្មេងខ្មែរក្រីក្រអន្តរធាន | រកទីតាំងប្រាណពុំបានពិត ។ |
មិនត្រឹមប៉ុណ្ណោះអស់ព្រះសង្ឃ | ព្រះទ័យស្រោចស្រង់ក្នុងអាណិត |
ដឹកនាំបាសកឲ្យដក់ចិត្ត | ជួយគិតពីការសិក្សាជាតិ ។ |
សាងសាលារៀនមានព្រោងព្រាត | គ្មានខាតថវិការាជការសោះ ។ |
គ្រប់វត្តសុទ្ធសឹងប្រឹងប្រឹតប្រៀន | សាសាលារៀនគ្មានចន្លោះ |
គ្រប់ភូមិកុះករទោះកៀនកោះ | សាលាដូចហោះទៅតម្កល់ ។ |
បើគ្មានព្រះសង្ឃអ្នកដឹកនាំ | ឲ្យមនុស្សជឿងមាំក្នុងមគ្គផល |
តើងាយអ្នកណានឹងគិតយល់ | ជួយផ្ដល់រាជការបានប៉ុណ្ណឹង ។ |
សម្ដេចបិតាជាអម្ចាស់ | ក៏ទ្រង់បានត្រាស់ច្បាស់ឲ្យដឹង |
ជាញឹកញយណាស់ពីរឿងហ្នឹង | ឲ្យជាតិយើងដឹងសព្វគ្រប់ហើយ ។ |
ដូច្នេះការបួសគ្មានចង្រៃ | គ្មានហួសសម័យឯណាឡើយ |
ទោះមានជនខ្លះធ្វើព្រងើយ | ប្រែខ្នងឆ្លងឆ្លើយថាថោកទាប ។ |
ហ៊ានបួសព្រោះតែហ៊ានលះចិត្ត | ដែលធ្លាក់ឆ្មើងគិតប្រកាន់ភាព |
ដើម្បីឲ្យបានបាត់ពីបាយ | ម្ដេចខ្លាចថោកទាបមកដល់កាយ ។ |
គេប្រឹងប្រព្រឹត្តចិត្តឲ្យស្អាត | ព្រឹតឡើងកាន់បាត្រដើរបិណ្ឌបាយ |
ស្លៀកពាក់ក៏អន់មិនឆើតឆាយ | កោរសក់អត់បាយឆ្ងាយពីផ្ទះ ។ |
ច្បាប់បួសអីចឹងគឺតឹងតែង | ឲ្យមនុស្សលះលែងចិត្តមានះ |
ចេះឱនទោនទាបក្រាបសំពះ | សមនឹងឃ្លាល្បះភាសិតថា ។ |
<< ទាស:ទម្លាយបង់មាន: | ជរ:ទម្លាយរូបសោភា |
ថ្លែងរឿងព្រះពុទ្ធផុតវេរា | យាចកឈ្មោះថាថោកទាបពិត >> ។ |
ដូច្នេះអ្នកបួសហួសពីទាប | ព្រោះភាពពឹងគេសាងជីវិត |
តែបើមើលពង់ត្រង់ផ្លូវចិត្ត | នោះពិតជាថ្លៃឥតអ្វីស្មើ ។ |
ព្រោះអីព្រះសង្ឃដែលទ្រង់សីល | មិនមែនខូចខិលឬខ្ជិលធ្វើ |
របៀបសុំទៀតក៏ថ្នាក់លើ | ដូចយើងស្រាយរើខាងលើស្រាប់ ។ |
មិនមែនដូចស្មូមដើរសូមទាន | ដែលដាក់ទុកប្រាណថាអភ័ព |
សុំគេតាមចិត្តឥតទម្លាប់ | គេស្អប់គេខ្ពើមឆ្អើមគ្រប់គ្នា ។ |
ព្រោះខ្ជិលកសាងអាងតែសុំ | មារយាទធ្វើយំព្រួយកំព្រា |
រៀបរាប់ឲ្យតែគេមេត្តា | ត្រង់គុណល្អជាគ្មានធ្វើសោះ ។ |
រីឯព្រះសង្ឃខ្ញង់ជាងហ្នឹង | មិនធ្វើអីចឹងឲ្យអាប់ឈ្មោះ |
ហើយទាំងចរិយាក៏គ្មានមោះ | ល្មមដោះពាក្យគេនិន្ទាបាន ។ |
ធ្វើខ្លួនជូនគេជាស្រេបុណ្យ | ប្រព្រឹត្តសាងគុណគាប់កល្យាណ |
ជួយចែវសង្គ្រោះញាតិសន្តាន | ជួយជាតិដូចបានថ្លែងមកហើយ ។ |
ខ្មែរមិនទាន់ខ្មាំងតាំងចិត្តហួស | ទ្រាន់នឹងការបួសយ៉ាងហ្នឹងឡើយ |
មានតែស្ដើងស្ដួចដែលលួចឆ្លើយ | ព្រោះគេដល់ត្រើយសើយគូទដាក់ ។ |
ឯសាលារៀនមានច្រើនពិត | តែស្រេចនឹងចិត្តដែលគេស្មគ្រ |
មិនបួសក៏រៀនគ្មានឧបសគ្គ | ឡើងថ្នាក់ទៅលើប្រសើរក្រៃ ។ |
តែបើគេចង់ទ្រង់ចីពរ | ដើម្បីកាន់ធម៌ដ៏ប្រពៃ |
បួសចុះប្រុសប្រាជ្ញកុំខ្លាចភ័យ | វាគ្មានទោសពៃរ៍ទៅអ្វីទេ ។ |
រាជការសង្គមបានខំរៀប | របៀបសិក្សាជាហូរហែ |
ចែកជាពីរផ្លូវឥតផ្លាស់ប្រែ | ស្រេចតែកូនចៅទៅសិក្សា ។ |
របៀបមួយផ្នែកប៉ែកបច្ចុប្បន្ន | សំរាប់យុវជនពុំបព្វជ្ជា |
មួយទៀតហៅពុទ្ធិកសិក្សា | សំរាប់ជនណាជាបព្វជិត ។ |
ដូច្នេះការរៀនមានពីរផ្លូវ | សុទ្ធតែត្រឹមត្រូវគ្មានរខិត |
ចង់រៀនខាងណាស្រេចលើចិត្ត | កុំគិតជាល្បែងប្រជែងគ្នា ។ |
កុំរុញអ្នកបួសឲ្យហួសខុស | ផុតពីឋានមនុស្សទៅសួគ៌ា |
អ្នកបួសមិនមែនជាតិទេវតា | គឺជាតិខេមរាដូចគ្នាដែរ ។ |
ហើយជាយុវជនបន្តវង្ស | មានពូជមានពង្សពីឈាមខ្មែរ |
ដូចជាយុវជនទាំងពួងដែរ | មិនមែនក្លាយបែរខ្មែរពីប្រាណ ។ |
ប៉ុន្តែអ្នកបួសហួសពីគេ | ត្រង់ចែកចិត្តរេជាពីរស្ថាន |
គឺមួយស្វែងរកសួគ៌និព្វាន | ពីរកសាងប្រាណក្នុងបច្ចុប្បន្ន ។ |
មុននឹងទៅសួគ៌គួរតែសាក | បែរងាកសាងខ្លួនឲ្យគ្រប់គ្រាន់ |
មិនមែនឡើងសួគ៌ដោយចៃដន្យ | ទាំងពេលបច្ចុប្បន្នអីចឹងទេ ។ |
មួយទៀតការបួសហើយវិលសឹក | តាមយើងរិះនឹករកពាក្យកែ |
ឃើញថាជាគុណគួរកុំប្រែ | ត្រូវទុកហូរហែឲ្យវែងឆ្ងាយ ។ |
ព្រោះបួសហើយសឹកឫកនេះថ្លៃ | ឲ្យទាន់សម័យដែលប្រែក្លាយ |
- ទីមួយឲ្យកូនខ្មែរទាំងឡាយ | ជាប់ចិត្តសិ្នទ្ធកាយតាមដូនតា ។ |
ឲ្យសមនឹងពាក្យដ៏សំខាន់ | ដែលថាខ្មែរកាន់ពុទ្ធសាសនា |
កុំកាន់តែមាត់ចិត្តសាវ៉ា | កាន់គ្រាន់ឃោសនាយកបុណ្យសក្តិ ។ |
សម្ដេចឪយើងដែលទ្រង់ធម៌ | ជាឧទាហរណ៍ដ៏ជាក់លាក់ |
គឺទ្រង់កាន់វង្សជាខ្មែរម្នាក់ | ព្រះទ័ពស្មោះស្មគ្រទំនៀមជាតិ ។ |
ទ្រង់កាន់ព្រះផ្នួសបួសជាសង្ឃ | តាមបែបព្រះវង្សពង្សនរនាថ |
សមជាក្សត្រខ្មែរឥតប្រែឃ្លាត | អ្នកជាតិនិយមពុទ្ធសាសនា ។ |
- ទីពីរឲ្យខ្មែរប្រកាន់ខ្ជាប់ | នូវបទទម្លាប់ដ៏ថ្លៃថ្លា |
ដែលឲ្យយើងចេះសង្គ្រោះគ្នា | ដូចបានពណ៌នាខាងដើមហើយ ។ |
ព្រោះអីយើងលេងបួសវិញ | ក៏គ្មានចំណេញប៉ុន្មានឡើយ |
យូរទៅអ្នកបួសកាន់តែស្បើយ | ដល់ហើយក៏បាត់រលត់បង់ ។ |
ដល់ផុតអ្នកបួសជំនួសព្រះ | គ្រហស្ថអ្នកលះទ្រព្យស្រោចស្រង់ |
ដាច់សូន្យដូចគនាជាពិតត្រង់ | ព្រោះគ្មានព្រះសង្ឃជាសាក្សី ។ |
រលាយអស់វត្តរលត់ឈឹង | កូនខ្មែរធ្លាប់ពឹងតើបានអ្វី |
វានឹងធ្លាប់ធ្ងន់សាជាថ្មី | ដល់ម្ចាស់ផែនដីក្នុងការស្រាយ ។ |
បើនាំគ្នាបួសឲ្យបន្ទាប់ | បន្តគ្នាជាប់ខ្សែស្រឡាយ |
សាសនាពិតជាមិនអន្តរាយ | អាចតាំងនៅឆ្ងាយអង្វែងបាន ។ |
ហើយបើយើងប្រឹងឲ្យព្រមគ្នា | លើកស្ទួយសាសនាឲ្យថ្កើងថ្កាន |
ខ្ពងខ្ពស់ជាងនេះទៅទៀតបាន | យើងហ៊ានថាធូរដល់សង្គម ។ |
ព្រោះមនុស្សជឿបុណ្យគុណមគ្គផល | រឹតតែជួយផ្ដល់ការឧបត្ថម្ភ |
ខាងកិច្ចសិក្សាការអប់រំ | មួយភាគយ៉ាងធំសមឥតខ្វះ ។ |
ជាតិអាចសំចៃលៃថវិកា | ពីសាងសលាពីសាងផ្ទះ |
ពីការផ្ដត់កូនចៅខ្លះ | ទុកយកទៅប៉ះការខ្វះខាត ។ |
នៅក្នុងវិស័យដទៃផ្សេង | ចំរើនក្រៃលែងដល់រដ្ឋជាតិ |
ប្រសិនជាលុបទម្លាប់ស្អាត | នេះទៅតើជាតិចំណេញអី ។ |
បើនឹងនិយាយថាការបួស | វានាំឲ្យបួសសម័យថ្មី |
ខាតពេលដែលត្រូវសាងផែនដី | សាងជាតិឃ្មាតខ្មីឲ្យក្រៃលែង ។ |
ថានេះវិះត្រូវតែនៅខុស | មិនគិតវ័យមនុស្សឲ្យជាក់ស្ដែង |
តើអ្នកណាហ្ន ! ទៅកំហែង | ឲ្យក្មេងនៅស្ទើរធ្វើការងារ ។ |
គេចែផ្នែកមនុស្សទាំងប្រុសស្រី | តាមវ័យទាំងបីមកយូរយារ ។ |
ទីមួយគឺវ័យនៃកុមារ | ជាវ័យត្រូវការសិក្សាមុន ។ |
ពីរគឹវ័យហៅកណ្ដាល | ជាកាលត្រូវមនុស្សកសាងទុន |
ទីបីវ័យកសាងគុណ | ធ្វើបុណ្យធ្វើទានសីលភាវនា ។ |
អ្នកបួសច្រើនក្មេងស្វែងរៀនសូត្រ | តាំងចិត្តស្លូតបូតតាមដូនតា |
បួសហើយចាប់ផ្ដើមការសិក្សា | ល្មមវ័យកាលណាក៏សឹកវិញ ។ |
មកលៃប្រឌិតផលិតផល | ជួយជាតិដិតដល់យ៉ាងពេញលេញ |
ប្រកបរបររកចំណេញ | បំពេញមុខងារជាពលរដ្ឋ ។ |
រីឯយុវជនមិនបានបួស | ក៏មិនជ្រុលជ្រួសហួសបែបបទ |
ទោះបីមិនចូលជាសិស្សវត្ត | ក៏គង់ចូលបទសិក្សាដែរ ។ |
មិនដែលម៉េឪស្គាល់ត្រូវខុស | ណាមួយប្រទូស្ដប្រទេចជេរ |
ដល់ក្មេងក្នុងវ័យសិក្សាដែរ | ឱ្យបែរត្រឡប់ឈប់រៀនឡើយ ។ |
គ្មានការបង្ខំដំបង្ខិត | មានតែលោមចិត្តថាកូនអើយ |
ខំរៀនសូត្រកុំព្រងើយ | ខ្លួននាងធំហើយត្រូវចេះខ្មាស ។ |
ទាន់នាងនៅក្មេងវ័យវែងឆ្ងាយ | កុំឲ្យនឹកស្ដាយដល់ទៅចាស់ |
តែមានគ្រួសារការច្រើនណាស់ | គ្មានពេលណាផ្លាស់វិលវិញទេ ។ |
ដូច្នេះថាបួសនាំឲ្យខាត | ឲ្យខូចការជាតិដូចពាក្យកែ |
យើងហ៊ានឆ្លើយថាមិនពិតទេ | ដូចពោលហូរហែមកនេះឯង ។ |
មួយទៀតបើបួសជ្រុលហួសវ័យ | ព្រោះលៃមិនទាន់ក្នុងកាលក្មេង |
រឿងនេះក៏គ្មានចម្លែកផ្សេង | វាតែងតែមានជាធម្មតា ។ |
ទោះមិនអ្នកបួសក៏ហួសដែរ | ព្រោះខ្មែរឱហាតជាតិសិក្សា |
ខ្លះរៀនពីវ័យកុមារា | ដល់ចាស់វស្សាក៏មិនឈប់ ។ |
- ទីបីប្រយោជន៍ខាងអប់រំ | លើកស្ទួយសង្គមខាងសេពគប់ |
ព្រោះអីការបួសជាទំនប់ | ព្រោះអីការបួសជាទំនប់ |
ជួយផ្ដល់សំណាងខាងខាងនិស្ស័យ | ឲ្យស្គាល់ទោសពៃរ៍អបាយបួន |
ចេះកាន់វិន័យយ៉ាងមាំមួន | ចេះហាត់ពត់ខ្លួនខាងចរិយា ។ |
ផ្នែកនេះជាភាគមួយយ៉ាងធំ | ខាងផ្ដល់សង្គមឲ្យថ្លៃថ្លា |
កូនខ្មែរដែលបានចូលបព្វជ្ជា | សាសនាអប់រំសមគ្រប់កាយ ។ |
ឲ្យចេះគោរពច្បាប់ខុសត្រូវ | ស្គាល់គុណម៉ែឪគ្រូបាធ្យាយ |
ស្គាល់តូចស្គាល់ធំផងទាំងឡាយ | ស្គាល់ញាតិជិតឆ្ងាយមិនវិបត្តិ ។ |
ស្នេហាជាតិសាសន៍រាជបល្លង្ក | រួបរួមកម្លាំងថ្លើមប្រម៉ាត់ |
គាំពាររក្សាព្រះមហាក្សត្រ | មិនឲ្យសូន្យបាត់ពីសាវតារ ។ |
ឲ្យចេះជួញចិត្តប្រឌិតផល | ឲ្យចេះជួញចិត្តប្រឌិតផល |
សាងកុដិសាលាព្រះវិហារ | ជួយចែររក្សារាជការប្រមុខរដ្ឋ ។ |
ដល់សឹកមកវិញចិត្តប្រពៃ | ព្រោះជាបនិស្ស័យដែលហាត់ពត់ |
មានចិត្តស្លូតត្រង់ក្នុងកម្មបថ | បាក់ផ្នត់ជាក់តាមផ្លូវសាសនា ។ |
បើមិនបានច្រើនគង់កើនខ្លះ | មិនមែនស្រឡះបង់អាសា |
តាមភ័ព្វនិស្ស័យព្រេងវាសនា | តាមបែបដូនតាជាប់តទៅ ។ |
ដូច្នេះបួសសឹកឬកពិសេស | ជួយជាតិប្រទេសជាច្រើនផ្លូវ |
បើកាន់សាសនាតាមម៉ែឪ | នោះត្រូវតែឆ្លៀតបួសកុំខាន ។ |
បើមិនបួសយូរចូរតាមស្មគ្រ | ផ្លាស់គ្នាម្តងម្នាក់ឲ្យគ្រប់ប្រាណ |
ព្រោះមិនជាធ្ងន់ខ្លួនប៉ុន្មាន | ហើយឲ្យយើងបានស្គាល់ច្បាស់លាស់ ។ |
នូវច្បាប់វិន័យពុទ្ធសាសនា | នូវច្បាស់ចរិយាខាងធម្មសាស្រ្ត |
នូវគោលគំនិតព្រះជាម្ចាស់ | នូវភាពកម្រាស់ជម្រៅធម៌ ។ |
តើធម៌ព្រះពុទ្ធផុតសម័យ | ឬឲ្យទោសពៃរ៍លំអក់ពណ៌ |
ដល់ជាតិប្រជាពលនិករ | ឬក៏ជាធម៌ដឹកនាំសត្វ ។ |
យើងសូមបញ្ជាក់មួយវគ្គទៀត | ដោយឆ្លៀតជ្រៀតយកពាក្យមកស្កាត់ |
ចំពោះបញ្ហាការប្រតិបត្តិ | តាមខ្សែបន្ទាត់ពុទ្ធសាសនា ។ |
អ្នកខ្លះបួសហើយលាត់សើយខិល | រប៉ូចរប៉ិលខ្ជិលសិក្សា |
ត្រូវទានពាសពោរជោរហ៊ឺហា | មានពាក្យគេថាគ្រប់ទិសទី ។ |
ឲ្យបួសយ៉ាងហ្នឹងបាត់តម្លៃ | នាំតែហិនហៃប្រពៃណី |
ដូចដែករឹងប៉ែះត្រូវច្រេះស៊ី | ឈ្លេចឈ្លីទម្លុះឲ្យធ្លុះធាយ ។ |
សំដីទាំងនេះយើងរិះគិត | ក៏ឃើញថាពិតឥតប្រែក្លាយ |
តែបើរៀបរាប់តាមបរិយាយ | យើងអាចដោះស្រាយយ៉ាងនេះថា ។ |
សាសនាព្រះពុទ្ធបរិសុទ្ធថ្លៃ | ជាទីអាស្រ័យជនគ្រប់គ្នា |
គ្មានរើសមុខមាត់ចិត្តយ៉ាងណា | ឲ្យតែជ្រះថ្លាក៏បួសបាន ។ |
ព្រោះជាសាសនាប្រសើរក្តាត់ | របស់មនុស្សសត្វគ្រប់គ្រប់ប្រាណ |
ជនណាជ្រះថ្លាក្នុងសន្ដាន | ក៏អាចបួសបានដូចដូចគ្នា ។ |
តែបើបួសហើយឈ្លើយគំនិត | ប្រព្រឹត្តល្មើសច្បាប់នៃសាសនា |
ព្រះពុទ្ធជាម្ចាស់លោកត្រាស់ថា | លោកគ្មានធានាជននោះឡើយ ។ |
បើគេដាំក្រូចបានផលក្រូច | បើគេសាងខូចអាក្រក់ហើយ |
មិនអាចចៀសវាងផលនេះឡើយ | នេះជាពាក្យឆ្លើយល្មមគ្រប់គ្រាន់ ។ |
មួយទៀតបើយើងនឹងដោះស្រាយ | ឲ្យឃើញវែងឆ្ងាយនាបច្ចុប្បន្ន |
យើងអាចប្រៀបធៀបឲ្យជាក់ស្ប័ន | ចែកជាថ្នាក់ជាន់តាមតម្លៃ ។ |
អ្នកបួសពួកខ្លះក្រាស់ដោយបាប | ប្រព្រឹត្តថោកទាបខុសវិន័យ |
ពិតមែន, ប៉ុន្តែបើប៉ាន់ថ្លៃ | ប្រៀបមើលតម្លៃទោសនិងគុណ ។ |
គង់ឃើញថាគោលការប្រព្រឹត្ត | ជ្រុលខាងសុចរិតច្រើនជាងមុន |
គឺមានការធ្វើអំពើបុណ្យ | និងគុណបវរល្អច្រើនណាស់ ។ |
រីឯការទ្រុស្ដខុសចរិយា | ពានត្រៃសិក្ខាដោយឥតខ្មាស |
វាជាភាគតូចស្ដួចស្ដើងណាស់ | យកមកប្រកាសក៏មិនសម ។ |
មួយទៀតច្បាស់សង្ឃអង្គល្អិតខ្ពស់ | ជាងច្បាស់គ្រហស្ថខាងអប់រំ |
ហើយច្បាប់នេះទៀតជ្រៀតក្រឹត្យក្រម | មានតូចមានធំជាច្រើនស្ថាន ។ |
ចំណែកអ្នកបួសដែលជ្រួសចិត្ត | ជ្រុលខាងប្រព្រឹត្តចិត្តបំពាន |
ចំពោះក្រឹត្យក្រមធំប្រធាន | ក៏លោកមិនហ៊ានបំពានដែរ ។ |
ជ្រុលជ្រួសថ្លោះធ្លោយដោយនិស្ស័យ | ត្រឹមតែទោសពៃរ៍គួរស្ដីជេរ |
ត្រង់ហ៊ានជាខ្មាំងនឹងច្បាប់ខ្មែរ | យើងឃើញហើយដែរកម្រណាស់ ។ |
កំហុសតិចតួចស្ដួចស្ដើងហ្នឹង | បើគៃលៃថ្លឹងគង់ឃើញច្បាស់ |
វានៅតែត្រង់ត្រូវល្អណាស់ | ជាងគ្រឹហាវាសផងទាំងឡាយ ។ |
គ្រហស្ថអស់ត្រឹមច្បាស់ផែនដី | ក្រៅនេះសេរីមានទូលាយ |
ចង់ធ្វើយ៉ាងម៉េចហៅសប្បាយ | ក៏គ្មានគិតកាយក្រែងអាបត្តិ ។ |
រឿងស្រីរឿងស្រាបារាំច្រៀង | ស្ដាប់សូរស័ព្ទសៀងច្រៀងប្រតិព័ទ្ធ |
ស្រែកហ៊ោកញ្ជ្រៀវពុំក្រែងមាត់ | ដើរលាត់ដើរសើយតាមចិត្តចង់ ។ |
ដើរលេងលំហែក្បែរមុខវាំង | ត្រៀបត្រាលើតាំងកៅអីបង់ |
មើលកុនមើលល្ខោនឡករាំវង់ | ឆ្លៀតដើរចែចង់ផ្លូវស្នេហា ។ |
មានប្ដីប្រពន្ធរួមស្នេហ៍ស្និទ្ធ | ផ្ដេកផ្ដិតផ្លូវកាមតាមប្រាថ្នា |
ជិះកង់ជិះឡានស្រែកឡូឡា | ចង់ធ្វើយ៉ាងណាក៏គ្មានភ័យ ។ |
គ្មានភិតគិតភ្លឹកនឹងនាក្រែង | អាបត្តិអាប្រែងច្បាស់វិន័យ |
ឯលោកសង្ឃវិញគ្មាននិស្ស័យ | លោកគ្មានអស់ដៃអីដល់ម្លឹង ។ |
បើធៀបប្រៀបប្រឹតចិត្តជាបុណ្យ | ជញ្ជីងទោសគុណទប់ទល់ថ្លឹង ។ |
វាចែកដូចចែងថ្លែងអីចឹង | ពណ៌នាប៉ុណ្ណឹងជាទំនង ។ |
ប៉ុន្តែសូមមិត្តរួមសាសនា | យល់ឲ្យច្បាស់ថាការខុសឆ្គង |
របស់អ្នកបួសទាំងនោះផង | ទោះជាសៅហ្មងតូចក៏ដោយ ។ |
ក៏ច្បាប់វិន័យកាត់ក្រីទោស | មិនដែលសន្ដោសអនុគ្រោះឲ្យ |
លោកដែលប្រព្រឹត្តចិត្តថ្លោះធ្លោយ | ត្រូវប្រែកែក្រោយឲ្យសក្តិសម ។ |
ពីព្រោះករណីយកិច្ចលោកសង្ឃ | ដោយត្រង់គឺដៅការអប់រំ |
ឲ្យល្អចរិយាជាប្រឋម | ទើបគេមកខំប្រឹងអត់បាយ ។ |
ចុះបើមកបួសជ្រួសបណ្ដោយ | បណ្ដែតចិត្តឲ្យនៅរាយមាយ |
ធ្វើតាមតែចិត្តគិតសប្បាយ | យកតាមតម្រាយគ្រឹហាវាស ។ |
ការបួសចិញ្ចឹមចិត្តដូច្នេះ | ពិតជាគ្មានខ្មេះគួរឲ្យខ្មាស |
បួសតាំងពីក្មេងវែងដល់ចាស់ | គ្មានផ្លាស់ចរិយាមារយាទប្រាណ ។ |
ការបួសនោះទៀតក៏គ្មានន័យ | មានតែទោសពៃរ៍អន្តរធាន |
ការខ្លួនក៏ខាតជាតិក៏ខាន | បង់បាយមិនបាបប្រយោជន៍អ្វី ។ |
អ្នកបួសលោកដឹងខ្លួនយ៉ាងនេះ | បានជាលោកចេះតាំងស្មារតី |
ប្រព្រឹត្តអប់រំទាំងចាស់ថ្មី | ឃើញគួរគប្បីមិនសូវឆ្គង ។ |
អ្នកស្រែកធ្វើស្រូវរដូវកាល | ស្ទុះស្ទាស្រើបស្រាលដោយបំណង |
ចង់បានផលច្រើនជាងមិត្តផង | ដោយនូវគន្លងផ្លូវសុចរិត ។ |
រីឯអ្នកបួសក៏ដូច្នោះ | ប្រឹងប្រែងស្រាយដោះខាងផ្លូវចិត្ត |
យកជ័យជំនះឈ្នះអស់ចិត្ត | ដោយការប្រព្រឹត្តអប់រំប្រាណ ។ |
អស់មិត្តទាំងឡាយរួមសាសនា | មានចិត្តជ្រះថ្លាដែលបានអាន |
សូមមិត្តមេត្តាកុំរំខាន | នឹកស្មានថាខ្ញុំក្រុមទៅក្រោយ ។ |
ខ្ញុំក្រងចងជាបទបរិយាយ | នេះគឺដោះស្រាយការថ្លោះធ្លោយ |
ដែលអស់យុវជនជំនាន់ក្រោយ | បណ្ដោយតាមចិត្តបំបិទគុណ ។ |
មិនបើឲ្យឃើញភាគផលល្អ | ដែលកកើតពីទីស្រែបុណ្យ |
ជាដែលជម្រកមកពីមុន | ជាគុណជួយកែកូនខ្មែរអឺយ ! ។ |
កម្ពុជសុវិយា,ឆ្នាំទី ៥៣ លេខ ២ ព.ស ២៥៤៣ ខែ មេសា - ឧសភា - មិថុនា គ. ស ១៩៩៩ ក. ក ន. យើងបានដកស្រង់យកអត្ថបទកំណាព្យដែលពោលថា << ម៉េចក៏ចាំបួស ម៉េចក៏ដាំសឹក >> របស់លោក ផល ទិត និពន្ធក្នុងឆ្នាំ ១៩៥៦ កាលលោកនៅជាលេខាធិការ របស់ក្រុមជំនុំព្រះត្រៃបិដកនៃវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ មកចុះផ្សាយក្នុងទស្សនាវដ្ដីម្ពុជសុរិយាលេខ២ ឆ្នាំ ១៩៩៩ នេះ ដើម្បីបកស្រាយបំភ្លឺ ដូចតទៅ : |
Comments :
0 comments to “ម៉េចក៏ចាំបាច់បួស ម៉េចក៏ចាំបាច់សឹក?”
Post a Comment